លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំ“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៧ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១១លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៦ពាន់កន្លែង។ គម្រោងវិនិយោគទាំងនេះមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៩គម្រោង (ផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះការពារសំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា), ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំ, និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈបោះជំរំបន្ទាប់បន្សំពីប្លាស្ទិក, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតផែស្ងួត)។
គួរឱ្យដឹងថា គម្រោងវិនិយោគទាំង១០ ខាងលើនេះ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ។

សូមជម្រាបថា បើគិតក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក ដោយគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក៕


