ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ នឹងសហការជាមួយក្រុមបាល់ទាត់ទាំង១២ ផ្សេងទៀត រួមទាំងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំកម្មវីធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ក្នុងគោលដៅបង្ហាញនូវក្តីស្រឡាញ់ និងជាការយកចិត្តទុកដាក់ ក៏ដូចជាការរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រទាំងស្មារតី និងសម្ភារៈដល់បងប្អូននៅភូមិរង់ចាំ។

នៅលើបណ្ដាញសង្គមផ្លូវការ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានបញ្ជាក់ថា លើសពីសកម្មភាពកីឡា យើងក៏នឹងផ្ញើក្តីនឹករលឹកជូនដល់បងប្អូនភូមិរង់ចាំនាពេលខាងមុខ ហើយបងប្អូនទាំងអស់គ្នា ក៏អាចចូលរួមផ្តាំផ្ញើនូវសេចក្តីស្រឡាញ់ និងការចែករំលែករបស់ខ្លួនជាមួយយើងសម្រាប់ពួកគាត់ផងដែរ មិនថាជាថវិកា សម្ភារៈកីឡា សម្ភារៈសិក្សា ឬប្រភេទអាហារដែលអាចរក្សាទុកបានយូរ ហើយនោះគឺអាចចូលរួមផ្តល់ភាពកក់ក្តៅជូនពួកគាត់បានទាំងអស់គ្នា ដើម្បីផ្សារភ្ជាប់បេះដូងនៃមហាគ្រួសារខ្មែរ មិនថាជិតឆ្ងាយ ជួរមុខ ឬជួរក្រោយឡើយ។
ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានបន្ថែមថា លើសពីកម្មវិធីខាងលើនេះ យើងក៏នឹងមានការប្រកួតមិត្តភាពសប្បុរសធម៌ចំនួនពីរប្រកួតផងដែរ។
សម្រាប់ការចូលរួមបរិច្ចាគនានា បងប្អូនអាចបរិច្ចាគថវិកាតាមរយៈ QR Code ឬនាំយកសម្ភារៈមកដោយផ្ទាល់នៅអគារ Kampus ក្បាលថ្នល់ ចាប់ពីថ្ងៃទី១២ ខែសីហា តទៅ វេលាម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច៕














