ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កិច្ចប្រជុំពិសេសលើបទឈប់បាញ់គ្នា ជាលទ្ធផលប្រទេសទាំងពីរ បានឯកភាពគ្នាលើ៣ចំនុច ដើម្បីបន្ថយកម្តៅ និងភាពតានតឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិចថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេច និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ។
និង ៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានថ្លែងអំណរអរគុណលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្តេចក៏បានអរគុណលោកប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន

