ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះ សាងសង់សម្រេចបានប្រមាណ ៣០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតាក្រោយបញ្ចប់ការសាងសង់។

នេះបើយោងតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការងារសាងសង់ផ្ទាល់ ដែលដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកាលពីពេលថ្មីៗនេះ។
ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារសាងសង់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង ដោយគិតមកដល់ពេលនេះវឌ្ឍនភាពការងារទាំងមូលសម្រេចបានប្រមាណ៣០%។
ក្នុងឱកាសនោះដែរ ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។
បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ ក្រោយបញ្ចាប់សាងសង់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕



