កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការគ្រប់គ្រងការលើកទឹកចិត្តពន្ធនិងអាករ” ក្រោមអធិបតីភាពលោកអគ្គនាយករង ផា អេងវ៉េង តំណាង លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សាលាជាតិគយ បានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងជាលើកទី២ ប្រចាំឆ្នាំ២០២៥ អនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ សម្រាប់មន្រ្តីគយនិងរដ្ឋាករដែលកំពុងបម្រើការងារនៅទីចាត់ការកណ្តាល និងអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សរុបប្រមាណជាង ១០០ រូប ដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកគយសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូចនិងមធ្យម ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ផា អេងវ៉េង បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគ ស្របតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើននូវចំណូលសម្រាប់ប្រជាពលរដ្ឋជាពលករ និងកម្មករក្នុងវិស័យទាំងនេះ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យនិងផ្តល់យោបល់លើការស្នើសុំការលើកទឹកចិត្តពន្ធនិងអាករនេះ នៅគ្រប់ដំណាក់កាល សម្រាប់គម្រោងវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម។

ទន្ទឹមនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តអភិវឌ្ឍនិងដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់គាំទ្រកិច្ចដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ ឱ្យកាន់តែមានភាពទុកចិត្តបាន រហ័ស សុវត្ថិភាព និងមិនមានបន្ទុកដល់វិស័យឯកជន ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, កាត់បន្ថយចំណាយឡូជីស្ទីក, កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោកបន្ថែមថា សិក្ខាកាមនៃអង្គសិក្ខាសាលា នឹងបានទទួលនូវចំណេះបន្ថែមលើប្រធានបទសំខាន់ៗដូចជា៖ ការលើកទឹកចិត្តផ្នែកគយសម្រាប់គម្រោងវិនិយោគក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ និងអនុក្រឹត្យពាក់ព័ន្ធនឹងការអនុវត្តច្បាប់វិនិយោគ, ការត្រួតពិនិត្យបញ្ជីមេមុខទំនិញស្នើសុំរបស់គម្រោងវិនិយោគ, កិច្ចដំណើរការស្នើសុំលិខិតអនុញ្ញាតតាមប្រព័ន្ធបញ្ជរតែមួយជាតិ, យន្តការគ្រប់គ្រងការលើកទឹកចិត្តពន្ធគយ នៅក្របខ័ណ្ឌអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត, ការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តព្រះសីហនុ និងការវិនិយោគកនៅភូមិភាគឦសាន, និងការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យមជាដើម។
ចំណេះដឹងនាពេលនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់បន្ថែមទៀតសម្រាប់មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច ប្រើប្រាស់និងអនុវត្តក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការលើកទឹកចិត្តពន្ធនិងអាករ, ការកៀរគរចំណូលជូនរដ្ឋ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ដោយធានាបាននូវតុល្យភាព និងភាពស្មើគ្នាក្នុងការធ្វើធុរកិច្ច វិនិយោគនៅកម្ពុជា៕



