ប្រមុខរាជរដ្ឋាភិបាលមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញជាអធិបតីភាព ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ នាព្រំប្រទល់ខេត្តព្រៃវែង និងខេត្តតៃនិញ នៅថ្ងៃថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើយោងតាមកិច្ចប្រជុំកាលពីទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់គណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) ដឹកនាំដោយ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោក យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត កម្លាំងប្រដាប់អាវុធទាំងបី និងភាគីពាក់ព័ន្ធវៀតណាមផងដែរ។
ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីពិភាក្សាគ្នាជាមួយភាគីវៀតណាម លើការងារបច្ចេកទេសក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ នាព្រំប្រទល់ខេត្តព្រៃវែង និងខេត្តតៃនិញ។

ក្រសួងមហាផ្ទៃបន្តថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ស្ថាប័នពាក់ព័ន្ធ ធ្លាប់បានបញ្ជាក់ថា ច្រកអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងថា នឹងសម្រួលដល់ការផ្លាស់ប្ដូរទំនិញ រវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមបង្កើនទំហំពាណិជ្ជកម្មរបៀបប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ហ្សាលីន


