សម្តេច​តេជោ​ ហ៊ុន សែន បង្ហាញពីមោទនភាពដាក់​ “គុន​ល្បុក្កតោ” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា​បាន​ផ្ញើ​សារ​ជូន​ពរ​ជន​រួម​ជាតិ​ ដែលបញ្ជាក់ជា​មោទនភាព​របស់​កម្ពុជា បន្ទាប់ពីដាក់​ “គុន​ល្បុក្កតោ​” ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ កាល​ពី​រាត្រី​ថ្ងៃ​ទី​ ២៩ វិច្ឆិកា នា​ទី​ក្រុង​ Rabat ប្រទេស​ម៉ារ៉ុក​ ម្សិល​មិញ​នេះ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិតផ្ញើសារជូនជនរួមជាតិ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​ ឆ្នាំ​២០២២នេះ សម្តេច​តេជោ ហ៊ុន សែន ​ថ្លែង​ថា​ នេះ​គឺ​ជា​មោទកភាព​ថ្មី​មួយ​បន្ថែម​ទៀត​នា​ចុង​អាណត្តិ​ទី​៦ នៃ​រាជ​រដ្ឋា​ភិបាល​សម្រាប់​ប្រជាជន​យើង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ក៏​ដូច​ជា​សម្រាប់​ប្រជា​ពលរដ្ឋ​នានា​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ផង​ដែរ​។

សម្តេចតេជោបញ្ជាក់ថា ការ​ចុះ​បញ្ជី​នេះ​ បាន​ផ្តល់​ទាំង​តម្លៃ​ ទន្ទឹម​គ្នា​នឹង​កាតព្វកិច្ច​ចំពោះ​កម្ពុជា​ និង​សហគមន៍​អន្តរ​ជាតិ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ថែ​រក្សា​ ការពារ​ក្បាច់​គុន​បុរាណ​ខ្មែរ​ដ៏​កម្រ​មិន​អាច​កាត់​ថ្លៃ​បាន​ទុក​ជា​កេរ្តិ៍​មរតក​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ​ត​រៀង​ទៅ​។

ជា​មួយ​គ្នា​នេះ​ សម្តេច​ក៏​បាន​​ថ្លែង​អំណរព្រះ​គុណ​ដ៏​ជ្រាល​ជ្រៅ វិសេស​វិសាល​ថ្វាយ​ចំពោះ​​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ទ្រង់​តែង​ប្រោស​ប្រទាន​នូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង វិស័យ​បេតិកភណ្ឌ​វប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈម​នឹងការ​បាត់បង់។

ទន្ទឹមនឹងនោះ សម្តេច​តេជោនាយករដ្ឋមន្ត្រី ក៏​បាន​សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ​និង​សហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋា​ភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គណ:កម្មការអូឡាំពិកកម្ពុជា ព្រម​ទាំងស្ថាប័ន​ពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ ជាពិសេសសហគមន៍សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានារហូតសម្រេចបានជោគជ័យក្នុងការចុះ « គុនល្បុក្កតោ» ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ក្នុង​នោះ​ដែរ​ សម្តេច​តេជោបាន​អំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្ដាញ​ព័ត៌មាន​ទាំង​អស់​មេត្តា​ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់ នេះ​ឲ្យ​បាន​ទូ​លំ​ទូលាយបំផុត៕