ការងារសម្រាប់អ្នកខេត្ដកំពង់ស្ពឺ! ក្រុមហ៊ុន រោងចក្រជាង១០០ បើកទ្វារផ្ដល់ឱកាសការងារ ជាង២ម៉ឺនកន្លែង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា​ នៅសប្ដាហ៍ក្រោយនេះ មានឱកាសការងារចំនួន ២១,០៦៩កន្លែង នៅខេត្ដកំពង់ស្ពឺ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ មកដាក់ពាក្យធ្វើការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការងារ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនចំនួន ១១៦ នៅខេត្ដកំពង់ស្ពឺ បានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ លើផ្នែកជាច្រើនដូចជា៖ ផ្នែកកាត់ដេរ, ផ្នែកវេចខ្ចប់, អ្នកបញ្ជារម៉ាស៊ីនដេរ, បុគ្គលិកទូទៅ, បុគ្គលិកចេះដេរម្ជុល១-២-៣, ផ្នែកឃ្លាំង-QC, តៃកុងឡាន, អ្នកបកប្រែ, អ្នកគ្រប់គ្រងការផលិត, ជាងផ្សារដែក និងមានផ្នែកផ្សេងៗជាច្រើនទៀត។

ក្រសួងការងារ ក៏បានបញ្ជាក់ផងដែរថា នៅសប្ដាហ៍ក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី១ ខែធ្នូ នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ បានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋសរុប ជាង៨ម៉ឺនកន្លែង។

សូមជម្រាបជូនផងដែរថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបងប្អូនពលករដែលទើបតែវិលត្រឡប់ពីប្រទេសថៃ ជិត២៩ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។

សម្រាប់ព័ត៌មានលម្អិតជុំវិញការងារនៅទូទាំងរាជធានី-ខេត្ត ទាំង២៥ បងប្អូនអាចទំនាក់ទំនងទៅលេខ ១២៩៧៕