កម្ពុជា-នូវែលសេឡង់ បង្ហាញការប្ដេជ្ញាចិត្ដខិតខំឱ្យអស់សក្ដានុពល លើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងនូវែលសេឡង់ ដែលមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេស នូវែលសេឡង់ បានបង្ហាញការប្ដេជ្ញាចិត្ដ ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់សក្តានុពលដែលមាន ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា, លោក វីនស្តុន ភីធឺរ បានជួបពិភាក្សាយ៉ាងស៊ីជម្រៅ ជាមួយលោក ប្រាក់ សុខុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្រប់ដណ្តប់លើវិស័យជាច្រើន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកដោយអំណរគុណនូវការរួមចំណែករបស់ ប្រទេសនូវែលសេឡង់ចំពោះដំណើរការស្វែងរកសន្តិភាព និងការស្ដារកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត់មីន និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីនូវែលសេឡង់ បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់អំពើសារៈសំខាន់នៃការរក្សាការប្រាស្រ័យទាក់ទងគ្នាជាប្រចាំនៅគ្រប់កម្រិត ដើម្បីធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ និងរិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ។

ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ដែលទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការក្នុងតំបន់ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងបានឯកភាពធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។

ក្នុងវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់សក្តានុពលដែលមាន ដើម្បីលើកកម្ពស់ ពាណិជ្ជកម្ម ជាពិសេស ក្នុងវិស័យកសិកម្ម បង្កើនរំហូរវិនិយោគ និងជំរុញការបំពេញបន្ថែមឱ្យគ្នាក្នុងវិស័យ សេដ្ឋកិច្ច។

ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន នៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ សម្រាប់ចូលរួមលើកកម្ពស់ ការយល់ដឹងពីគ្នាទៅវិញទៅមក និងបង្កើនកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រៅពីកិច្ចពិភាក្សាទ្វេភាគី លោក ប្រាក់ សុខុន ក៏បានប្រាប់លោក វីនស្តុន ភីធឺរ អំពីការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខា រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ថា កម្ពុជានឹងនៅតែប្តេជ្ញា អនុវត្តតាមខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួមនេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុង តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ៕