សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា-បេឡារុស្ស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែជិតស្និទថែមទៀត។
នេះបើយោងតាមរយៈលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន ជូន លោកស្រី Natalia Kochanova ប្រធានក្រុមប្រឹក្សានៃសាធារណរដ្ឋ (ព្រឹទ្ធសភា) នៃសភាជាតិនៃសាធារណរដ្ឋបេឡារុស្ស ដែលបានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ក្នុងឱកាសខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ដែលផ្សាយចេញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសារលិខិតនោះ សម្តេចតេជោ បានថ្លែងអំណរគុណដោយស្មោះ ចំពោះសារអបអរសាទររបស់លោកស្រី ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការវាយតម្លៃដ៏ត្រឹមត្រូវរបស់លោកស្រី ចំពោះចំណងមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ ឈរលើមូលដ្ឋានគ្រឹះសាមគ្គីភាព ការគោរព គ្នា និងយោគយល់គ្នាទៅវិញទៅមក។
បន្ថែមពីនេះ សម្តេចតេជោ ក៏បានបង្ហាញក្តីជឿជាក់ថា ប្រទេសយើងទាំងពីរ នឹងពង្រីកកិច្ចសហប្រតិបត្តិការ ទៅកាន់វិស័យសក្តានុពលថ្មីទៀត ក៏ដូចជាបន្តរក្សានិងការពារបទដ្ឋាន និងគោលការណ៍នៃច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលការនេះ រួមចំណែកដល់សន្តិភាព ស្ថិរភាព និង វិបុលភាពរបស់ពិភពលោក។
ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាង សកម្ពុជា និងបេឡារុស សម្តេចអះអាងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយលោកស្រី ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការអន្តរសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍កាន់តែ ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជនយើងទាំងពីរ៕ អត្ថបទ៖ហ្សាលីន

