កម្ពុជា-វៀតណាម បានជំរុញពាណិជ្ជកម្មក្នុងការនាំចេញដំឡូមីស្រស់ទៅខេត្តតៃនីញ ប្រទេសវៀតណាម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ លើការទិញ-លក់ដំឡូងមី រវាងក្រុមហ៊ុនកម្ពុជាចំនួន ២ ជាមួយក្រុមហ៊ុនវៀតណាមចំនួន ១៩។

ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងដោយមានការចូលរួមពី លោក រាជ រ៉ា និង លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។
គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា៕



