លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីគ្រប់គ្រងស្ថានភាព និងរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី កងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាព អភិបាលស្រុក មេឃុំ ផងដែរ។ ក្នុងកិច្ចប្រជុំនោះ លោក សុខ លូ បានណែនាំដល់រដ្ឋបាលស្រុកជាប់ព្រំដែនអំពីការត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាពដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេចក្នុងករណីមានបញ្ហាប្រឈមកើតឡើង។
លោកបានណែនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ព្យាយាមក្តាប់ព័ត៌មានពិតទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមក្នុងខេត្តបាត់ដំបងនាំឱ្យពលរដ្ឋភាន់ច្រឡំ និងមានការភ័យខ្លាចដើម្បីបញ្ចៀសភាពចលាចលផ្សេងៗ។
លោកបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះស្រុកទាំង៤នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ មានសភាពស្ងប់ស្ងាត់ធម្មតា។

សូមជម្រាបថា កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជានៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈកងកម្លាំងកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

