ក្រោមស្នូរគ្រាប់ផ្លោងរបស់សត្រូវនៅសមរភូមិមុខ! រោងចក្រថ្មីរបស់ក្រុមហ៊ុនយក្សមីនេបៀ តម្លៃជាង៣៨លានដុល្លារ សម្ពោធដំណើរការនៅខេត្តពោធិ៍សាត់

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រថ្មីរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានដាក់សម្ពោធបើកដំណើរជាផ្លូវការ នៅខេត្តពោធិ៍សាត់ ដែលជារោងចក្រដំបូងគេរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ និងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា នេះជាសមិទ្ធផលដ៏សំខាន់មួយរបស់មីនេបៀ ដែលបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ រោងចក្រទី២របស់ក្រុមហ៊ុនមីនេបៀនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៣៨,៥លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨០០០កន្លែង នៅពេលប្រតិបត្តិការពេញសមត្ថភាព។

លោកជឿជាក់ថា វត្តមានរបស់មីនេបៀក្នុងខេត្តពោធិ៍សាត់នេះ នឹងទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀត ដែលអាចជាក្រុមហ៊ុនផ្គត់ផ្គង់ ឬជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់មីនេបៀ ឬធ្វើប្រតិបត្តិការអាជីវកម្មក្នុងឱស្សាហកម្មពាក់ព័ន្ធ។ លោកបានបន្ថែមថា ជាមួយនឹងធនធានថាមពលកកើតឡើងវិញដ៏សម្បូរបែបរបស់ខេត្តពោធិ៍សាត់ ក៏ដូចជាគម្រោងរបស់មីនេបៀរក្នុងការបង្កើត Solar Farm ក្នុងខេត្តនេះ គឺជាការសម្រេចចិត្តយុទ្ធសាស្រ្តមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានថ្មី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ប្រវត្តិរូបអាជីវកម្ម ដែលមានការគិតគូរដល់បរិស្ថាន និងផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅផងដែរ។

ក្នុងឱកាសនោះ លោកក៏បានរំលេចអំពីសមិទ្ធផលការងារលេចធ្លោមួយចំនួនដែលសម្រេចបានក្រោមការដឹកនាំតម្រង់ទិស និងចង្អុលបង្ហាញដោយចក្ខុវិស័យមុតស្រួចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានជូចជា៖ (១)កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ, (២)ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងអំណោយផលក្នុងការវិនិយោគដោយមាន ក.អ.ក ជាសេនាធិការច្រកចេញចូលតែមួយ, (៣)ភាពប្រាកដប្រជា និងការបង្កើនទំនុកចិត្តវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក ដែលកម្ពុជាគឺជាប្រទេសទី១ នៅក្នុងពិភពលោក, និង (៤)កំណើនចំនួនគម្រោងវិនិយោគដែលបានអនុម័តដោយ ក.អ.ក. នឹងឈានទៅបំបែកកំណត់ត្រាសារជាថ្មី ក្នុងបំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Minebea Mitsumi Inc. ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និងគ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១ ។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា ដោយទីមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលអាចបង្កើតការងារជិត១ម៉ឺនកន្លែង៕