១១ខែ ​ឆ្នាំនេះ  កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញជាង៥៧ម៉ឺន TEUs កើនជាង២២%

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែវិច្ឆិកា និង ១១ខែដើមឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) នាថ្ងៃទី១២ ខែធ្នូនេះ បានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញសម្រាប់១១ខែដើមឆ្នាំ២០២៥ មានចំនួន ៥៣៦ ៦៤២ TEUs កើនចំនួន ២២,៨៥% ធៀបនឹង១១ខែដើមឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានខាងលើ បានឱ្យបង្ហាញរបាយការណ៍ថា ១១ខែ ឆ្នាំ២០២៥នេះ មានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ៥ ០៦៧ ១៥៩តោន កើនឡើង ១៦,០៤% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ៤ ៣៦៦ ៥៨៩តោន។ ចំណែក បរិមាណកុងតឺន័រឆ្លងកាត់មាន ៥៣៦ ៦៤២​ ធីអ៊ីយូ កើនឡើង ២២,៨៥% ធៀបនឹងឆ្នាំមុន បរិមាណនាវាចូលសរុបមាន ៣ ៤០៦គ្រឿង ថយចុះ ០,០៣% បរិមាណនាវាដឹកអ្នកដំណើរចូលមាន ៣៧៣គ្រឿង កើនឡើង ៦,២៧% និងចំនួនអ្នកដំណើរឆ្លងកាត់សរុប ៣៦ ២៧៦នាក់ កើនឡើង ១០,៤៣% ធៀបនឹងឆ្នាំ២០២៤។

ដោយឡែក បើគិតតែក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់មាន ៤៤៨ ៤៨២ តោន កើនឡើង១១,៨៥% បរិមាណកុងតឺន័រឆ្លងកាត់ ៤៨ ៣៨៣ ធីអ៊ីយូ កើនឡើង៣៥,៩៥% បរិមាណនាវាចូលសរុប ៣២៦គ្រឿង កើន១០,៨០% បរិមាណនាវាដឹកអ្នកដំណើរចូលមាន ៥៤គ្រឿង កើន១៤,៨៩% និងចំនួនអ្នកដំណើរឆ្លងកាត់ ៥ ៤៩២នាក់ កើនឡើង ១២,៩១%៕