ក្រុមហ៊ុនបារាំង នឹងពង្រីកការនាំចូលទំនិញរហូតដល់ ១ពាន់មុខ មកកម្ពុជា នាពេលអនាគត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) នឹងពង្រីកការនាំចូលផលិតផលរបស់ប្រទេសបារំាងរហូតដល់១ពាន់មុខ នាពេលអនាគត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង នឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ មានដូចជាផលិតផលផ្នែកអនាម័យ សុខភាព សម្ភារៈប្រើប្រាស់ និងគ្រឿងសំអាង មកលក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុននឹងនាំទំនិញប្រមាណ៤០០ មុខ ហើយនឹងពង្រីកដល់១ពាន់មុខ នាពេលអនាគត។

លោកបន្តថា អាជីវកម្មរបស់ក្រុមហ៊ុនលោកនឹងផ្តើមដំណើរការនៅដើមឆ្នាំ២០២៦ ឆាប់ៗនេះ។ លោកបានបញ្ជាក់ថា ទំនិញទំាងអស់នឹងនាំចេញពីរោងចក្រផ្ទាល់នៅប្រទេសបារំាង ហើយការនាំចេញផ្ទាល់ពីរោងចក្រមកលក់លើទីផ្សារកម្ពុជានេះ នឹងធ្វើឱ្យតម្លៃលក់នៅកម្ពុជា ប្រហាក់ប្រហែលនឹងការលក់នៅលើទីផ្សារក្នុងប្រទេសបារំាងដែរ។

ជាការឆ្លើយតប សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូក្រុមវិនិយោគិនបារាំង ដែលអញ្ជើញមកបណ្តាក់ទុននៅកម្ពុជា។ សម្តេចបន្តថា ការវិនិយោគនេះ គឺស្របពេលដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់បារាំងនៅកម្ពុជាទើបបានផ្សព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើធុរកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦) កាលពីខែវិច្ឆិកាកន្លងទៅ។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សានោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជាផងដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន ៥១៥.២១ លានដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង ២០៦ លានដុល្លារអាមេរិក៕ អត្ថបទ៖ហ្សាលីន