ក្រសួងការពារជាតិ បង្ហាញបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ បានបង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបណ្ដាញសង្គមផ្លូវការ ក្រសួងកាពារជាតិ បានឱ្យដឹងថា ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥  រហូតដល់ ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំផ្លោង និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់ គគីរ។ 

–  ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។

សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។

–  ម៉ោង ៨:១០នាទី យោធាថៃបានចល័តនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។

–  ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។

–  ម៉ោង ៩:៤៥នាទី  យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។

–  ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រភ្នំខ្មោច។

–  ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។

–  ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

–  ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ  រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ ចូលភូមិសាស្ត្រអូរភ្លុកដំរី។

–  ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។

–  ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ក្រសួងការពារជាតិ ក៏បានបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត និងរងរបួសមានការកើនឡើង។

ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង  ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ៕