សហភាពអឺរ៉ុប នឹងផ្តល់ជូនរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីឈានទៅជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះរវាងកម្ពុជា និងថៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប គូសបញ្ជាក់ថា ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបខាងលើ ក៏បានបន្តថា លោកស្រីផ្ទាល់ នឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។តាមមន្ត្រីជាន់ខ្ពស់ដដែលនោះ បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា និងថៃ។
សូមជម្រាបថា ពាក់ព័ន្ធនឹងការបន្ធូបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃនេះដែរ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៥នេះ សកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអាស៊ី ក៏នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងថៃម្តងទៀត ដើម្បីសម្របសម្រួលការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅព្រំដែនថៃ-កម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន

