កម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

សមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា គឺគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ខណៈខេត្តកោះកុងជាខេត្តទី២៥ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៥។

លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បង្ហាញពីមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តកោះកុង ក៏ដូចជាការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងប្រទេសកម្ពុជា ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេស។

លោក​ ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកោះកុងសម្រេចបាននាពេលនេះ លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សេម្តេចធិបតី ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូនានា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានជំរុញឱ្យខេត្តចំនួន១៩ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ហើយជាក់ស្ដែងពិធីប្រកាសខេត្តកោះកុងជាខេត្តទី២៥ សម្រេចបាន ODF នាពេលនេះ។

សមិទ្ធផលនេះ បង្ហាញថាប្រជាជនកម្ពុជាគ្រប់រូប មានការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលទានទឹកស្អាតដើម្បីធ្វើឱ្យមានសុខភាពល្អ ប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ  ថែរក្សាបរិស្ថានរស់នៅល្អ ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាហេតុធ្វើឱ្យអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកម្ពុជាកាន់តែវែង ដែលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។

លោកក៏បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលជាលទ្ធផលអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៩១.៩៨% ហើយប្តេជ្ញាចិត្តថាត្រូវតែសម្រេច ឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣០។ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលដៅឈានទៅសម្រេចឱ្យបានផែនការនៃអត្រាគ្របដណ្តប់ទឹក និងអនាម័យ ១០០% នៅទូទាំងប្រទេសនាឆ្នាំ២០៣០៕