សម្ដេច ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុន ស៊ីភី អល បង្កើត​​​​រោងចក្រ​ផលិតជីសរីរាង្គ​​នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឱ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP​ All)​ ពិនិត្យមើល​ការ​​បង្កើត​​រោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថាជីសរីរាង្គ គឺជាជីមួយ​ដែល​អាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយ​​ផ្ដល់​​​នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់​សុខភាព ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើរបស់សម្តេចតេជោ ដូចនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All)នៅវិមាន​សន្តិភាពនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ។

ជាមួយគ្នាសម្តេចតេជោ ក៏បានផ្ដល់អនុសាសន៍ ឲ្យពិនិត្យពិចារណាធ្វើ​ការវិនិយោគលើការ​ផលិត​ក្រដាស​នៅព្រះរា​ជា​ណា​​ចក្រកម្ពុជា ព្រោះថាក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏​មាន​តម្រូវការ​កើនឡើងជាលំដាប់។ ពាក់ព័ន្ធនិង​ការ​​វិនិ​យោគនៅកម្ពុជា សម្តេចបានណែនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយលោក សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអម​នាយក​​រដ្ឋមន្រ្តី ។  

លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) បានអបអរសាទរ​ជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការ​រីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។

លោកបានបញ្ជាក់ថា ក្រៅពីដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ដំ​ណើរ​​ទស្សន​កិច្ចរបស់លោកមក​​កាន់​​​​កម្ពុជា​​នៅពេលនេះ គឺដើម្បីចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់​​ជូនសម្ដេចតេជោ​នៅ​អា​ហា​​​​​​រូបករណ៍ថ្នាក់បរិញាបត្រ​ចំនួន១០ និងអាហារូបករណ៍​​សម្រាប់ថ្នាក់​បច្ចេកទេសចំនួន១០ ហើយ រាល់ការចំណាយ​ទាំង​​អស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់​អាហា​រូបករណ៍ទាំងនេះ៕