កម្ពុជា-រុស្ស៊ី ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សង្គម​ និង​សេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥, ក្រសួងការបរទេសបានឱ្យដឹងថា នៅក្នុងជំនួបសម្ដែងការគួរសមរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីយូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ទន្ទឹមនឹងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត Anatoly Borovik អំពីស្ថានភាពធ្ងន់ធ្ងរ នៃជម្លោះកម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត និងការសម្តែងនូវសមានចិត្តអាណិតអាសូរចំពោះជនស៊ីវិលដែលរងផលប៉ះពាល់។ ភាគីទាំងពីរមានក្ដីបារម្ភដូចគ្នាលើផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត និងបាន បដិសេធចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដែលគ្មានមូលដ្ឋាន ចោទប្រកាន់ថាពលរដ្ឋរុស្ស៊ីកំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា។

រដ្ឋមន្រ្ដីការបរទេស បានសម្តែងការកោតសរសើរចំពោះឯកអគ្គរដ្ឋទូត Anatoly Borovik ដែលបានគាំទ្រដល់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។ ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ស្ថានទូតសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនភៀសសឹកជាច្រើនគ្រួសារ តាមរយៈកាកបាទក្រហមកម្ពុជា៕