ក្រសួងពានិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅឈានទៅជំរុញ និងពង្រីកទីផ្សារនាំចេញទំនិញសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែកឯកជន។កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ “ឆ” និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោកស្រី ចម និម្មល បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយចំពោះបញ្ហាប្រឈម ដែលជាកង្វល់ដែលស្នើឡើងផ្នែកឯកជន ក្នុងន័យជំរុញ និងធ្វើពិពិធកម្មទីផ្សារ សំដៅពង្រីកសក្តានុពលនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែង របៀបវារៈដែលជាបញ្ហាប្រឈមរបស់ផ្នែកឯកជនគឺ បញ្ហានៃការចូលរួមតាំងពិពណ៍ផលិតផលខ្មែរនៅបរទេស។

ជាលទ្ធផល លោកស្រីថា ក្រសួងពាណិជ្ជកម្ម បានធ្វើការឆ្លើយតប និងដោះស្រាយប្រកបដោយភាពវិជ្ជមាន និងអាចទទួលយកបានពីវិស័យឯកជនផងដែរ។
សូមរម្លឹកដែរថា រយៈពេល ១០ខែ គិតចាប់ពីខែមករា-តុលា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំជិត ៥៤ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើយោងកម្មវិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕អត្ថបទ៖ហ្សាលីន

