គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់ កំពុងត្រៀមបើកដំណើរការនៅខេត្តព្រះសីហនុ នាពេលឆាប់ៗនេះ។នេះបើយោងតាមលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងដំណើរចុះពិនិត្យទីតាំងរោងចក្រផ្ទាល់ កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន,រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ ព្រមទាំងកែប្រែស្ថានភាពអគារដែលមានស្រាប់ឱ្យមានភាពសមស្របនឹងមុខងារ និងទំហំផលិតកម្ម និងស្របតាមលិខិតបទដ្ឋានានាដែលមានជាធរមាន។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់នេះ គឺវិនិយោគដោយក្រុមហ៊ុន CAMBODIAN KECHUANG MATERIAL CO., LTD ។រោងចក្រនេះ គឺបោះទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ។គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ៥២៤,០០០ ដុល្លារអាមេរិក និងមានតម្រូវការបុគ្គលិកសរុប ៤១នាក់៕ អត្ថបទ៖ហ្សាលីន




