លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជនរួមជាតិនូវចំណុចខ្លាំងនិងរឹងមាំចំនួន៤ចំណុច ដែលជាក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខ។

ថ្លែងនៅក្នុងឱកាសឡើងធ្វើ Press Briefing នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានបញ្ជាក់ថា ចំណុចទាំង៤នោះរួមមាន៖
ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលប្រែប្រួលនោះគឺ ការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការការទូតដោយផ្អែកលើច្បាប់អន្តរជាតិ។ ជម្រើសនយោបាយការទូតបែបទន់ភ្លន់តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ជំហរការទូតបែបសន្តិសហវិជ្ជមានដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់លើពិភពលោក គឺជាជំហរដែលស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ។
ទី២៖ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិពីព្រោះខ្សែព្រំដែនរវាងកម្ពុជានិងថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដែលផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះគឺជាមូលដ្ឋានដ៏រឹងមាំនិងច្បាស់លាស់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយើងដែលអាចនិយាយបានថា កម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិ ដែលគ្មានអ្នកណាអាចបំពានបានឡើយ។
ទី៣៖ តាមរយៈប្រតិកម្មរបស់បណ្តាប្រទេសនានាទាំងឡាយ រាប់ទាំងបណ្តាប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិផង សុទ្ធតែបានសម្តែងការគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទាំងមូល។ អាចនិយាយបានថា សហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើងពិតជាត្រឹមត្រូវនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុង។
ទី៤៖ កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះគឺ មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស។
សរុបមកវិញ កត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយផ្អែកលើការទូតនិងច្បាប់អន្តរជាតិយើងមាននៅក្នុងដៃអស់ហើយនោះគឺ នយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏មានហើយ។ ឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមាន។ ជំហររបស់សហគមន៍អន្តរជាតិក៏ឈរជាមួយជំហររបស់រាជរដ្ឋាភិបាល ក៏យើងមាន។ ចំណែកឯកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំក៏យើងមានដែរ ខណៈដែលកម្ពុជានិងថៃបានឯកភាពប្រើប្រាស់យន្តការដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥៕

