រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់ទៅកាន់អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជាថា សង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តគាំទ្រ កម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព។

លោកឧបនាយករដ្ឋមន្ត្រីការបរទេស ថ្លែងបែបនេះនៅក្នុងឱកាសទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី លោកចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តគាំទ្រ កម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាងដើម្បីឱ្យប្រជាជន ទាំងសងខាងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។
ជាមួយគ្នានេះ លោក ក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកយ៉ាង សកម្មក្នុងសកម្មភាពមិនក្រោមប្រតិបត្តិការរក្សាសន្តិភាព ហើយកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការសហប្រជាជាតិក្នុងវិស័យនេះ ដោយទទួលស្គាល់នូវការរួមចំណែករបស់អង្គការសហប្រជាជាតិ ក្នុងការជំរុញគោលបំណងមនុស្សធម៌ ការការពារជនស៊ីវិល និងការគាំទ្រកិច្ចប្រឹងប្រែងរក្សាសន្តិភាព។

ជាការឆ្លើយតប លោក ចូ សូយ័រ បានសម្តែងនូវសមានចិត្តអាណិតចំពោះប្រជាជនភៀស កម្ពុជា និងជនរងគ្រោះ ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក បានបញ្ជាក់ជាថ្មីឡើងវិញសាមគ្គីភាពជាមួយសហគមន៍ដែលទទួលរងការប៉ះពាល់ និងពីការប្តេជ្ញាចិត្តជាបន្តរបស់ UN ក្នុងការគាំទ្រ ដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និង សុវត្ថិភាពមនុស្ស។
សូមជម្រាប់ថា តាមរយៈជំនួបខាងលើ កម្ពុជា-UN ក៏ជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ៕អត្ថបទ៖ហ្សាលីន


