ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត មានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចក្លាយជាច្រកបើកចូលទីផ្សារយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យសក្តានុពលនានា និងមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចក្លាយជាច្រកបើកចូលទីផ្សារយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឯកអគ្គរាជទូត បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២ ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានកត់សម្គាល់អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យសក្តានុពលនានា និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចក្លាយជាច្រកបើកចូលទីផ្សារយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន។

លោកស្រី ចម និម្មល ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរាជទូតដែលបានរួមចំណែកក្នុងការលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ។

គួរជម្រាបថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ធ្លាប់បានលើកឡើងផងដែរថា កម្ពុជាមានស្ថេរភាព ទាំងសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពនយោបាយ។ ក្រៅពីសុខសន្តិភាព ស្ថេរភាពនិយោបាយ កម្ពុជាមានពលករ កម្មការី មានភាពវ័យក្មេង៦០% ដែលមានអាយុក្រោម៣៥ឆ្នាំ បើធ្រៀបធៀបប្រទេសទាំងអស់នៅតំបន់អាស៊ាន គឺកម្ពុជាក្មេងជាងគេ។

លើសពីនេះ បច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ក្នុងនោះ គម្រោងវិនិយោគមានកំណើន បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕