រដ្ឋបាលខេត្តតាកែវ កំណត់យកថ្ងៃទី៧ កុម្ភៈ ខាងមុខ ជាថ្ងៃបើកការដ្ឋានសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ “ប្រាសាទកណ្ដាល​បឹងតាកែវ” ដែលគ្រោងនឹងប្រារព្ធឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសចុះពិនិត្យទីតាំងនេះ ឯកឧត្តម វ៉ី សំណាង បានផ្ដល់ការណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមការងារ​សិក្សាគម្រោង ត្រូវធានាឱ្យបាននូវរាល់បទដ្ឋានបច្ចេកទេសសាងសង់ ជាពិសេសត្រូវថែរក្សាឱ្យបាននូវទម្រង់ “រចនាបថខ្មែរបុរាណ” ដើម្បីឱ្យសំណង់នេះមានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗ និងរឹងមាំយូរអង្វែង។

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទកណ្ដាលបឹងតាកែវនេះ នឹងក្លាយជា​សមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការជួយលើកសម្រស់ក្រុងដូនកែវ ឱ្យកាន់តែមានភាពទាក់ទាញ វាមិនត្រឹមតែជា​កន្លែងគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត​កាន់តែច្រើន ដែលជាកម្លាំងជម្រុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ក្នុងខេត្តឱ្យកាន់តែប្រសើរ​ឡើង”។

សូមបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើង​ក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌​សម្រាប់មហាជន​គោរព​សក្ការបូជាតទៅអនាគត។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមាន​បណ្តោយ ៦,៥៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ចំណែកឯកម្ពស់សរុបឡើងដល់ ៩ ម៉ែត្រ បំពាក់ដោយដំបូលជ្រុង​ក្រឡូម​តាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា “ក្រពុំឈូក” ដែលជានិមិត្តរូបនៃ​ភាព​បរិសុទ្ធ និងភាពរីកចម្រើន៕