ADB ប្តេជ្ញាបន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាបន្ថែមទៀត ក្នុងដំណាក់កាលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បានកត់សម្គាល់ពីវឌ្ឍនភាព និងកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ក្នុងការបន្តផ្តល់ជំនួយបច្ចេកទេស និងគាំទ្រកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការរៀបចំគម្រោងជំនួយបច្ចេកទេស និងគំនិតផ្តួចផ្តើមថ្មីៗ ស្របតាមអាទិភាពសំខាន់ៗរបស់វិស័យពាណិជ្ជកម្ម។ ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មប្រកបដោយចីរភាព ពង្រឹងសមត្ថភាពស្ថាប័ន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់។

សូមបញ្ជាក់ដែរថា ថ្មីៗនេះ កម្ពុជា ក៏ទើបទទួលបានឥណទានសម្បទាន ២៥០លានដុល្លារ ពី ADB សម្រាប់អនុវត្ត កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងគោលបំណងជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើនភាពធន់របស់សេដ្ឋកិច្ច និងឆ្លើយតបផលប៉ះពាល់ពីភាពមិនមានស្ថិរភាពនៃសេដ្ឋកិច្ចសកល៕