អារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា នឹងពង្រីកកិច្ចសហប្រតិបត្តិវិនិយោគជាមួយកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ថ្លែងបែបនេះ នៅក្នុងជំនួបរវាងលោក ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសា អូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល កសិកម្ម សន្តិសុខស្បៀង និងវិស័យសក្តានុពលផ្សេងៗទៀត។ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅរាជធានីភ្នំពេញ នាពេល អនាគតផងដែរ។

បន្ថែមពីនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណស្ថាប័នពាក់ព័ន្ធកម្ពុជានានា ដែលបានផ្តល់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់លោក។ លោក ក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានសម្តែង សុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនៈវិស័យនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីតថែមទៀត។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការ តភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និង ទីក្រុងរីយ៉ាដ។ លោក ក៏ថ្លែងអរគុណចំពោះអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់។

សូមជម្រាបដែរថា តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះ ការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការ ទូត។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្ទុះនៃទំនាក់ទំនង តាមរយៈការបន្តផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ និងទស្សនកិច្ចទៅវិញទៅមក ខណៈភាគីទាំងពីរ ក៏ប្តេជ្ញាពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន