សាលាវិទ្យាល័យ ជា ចាន់តូ ដែលជាឈ្មោះរបស់ឪពុកលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានទីតាំងស្ថិតនៅភូមិអូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រកាសជ្រើសរើសនាយកសាលាចំនួន ១រូប ដែលប្រាក់ខែអាចដល់ទៅ ២,២០០ដុល្លារ និងមានវីឡាឱ្យស្នាក់នៅ ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។

តាមសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុក វិទ្យាល័យ ជា ចាន់តូ (Chea Chanto College) កាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា វិទ្យាល័យជា ចាន់តូ ជាសាលាកម្រិតមធ្យមសិក្សាមួយ ដែលផ្តល់នូវបរិយាកាសអប់រំ ប្រកបដោយ សុវត្ថិភាព ភាពគាំទ្រ និងគុណភាពខ្ពស់ សម្រាប់សិស្សានុសិស្សនៅក្នុងខេត្តកំពង់ធំ។ សាលាកំពុងត្រូវការជ្រើសរើសនាយកសាលា ចំនួន១នាក់ ដែលអាចគ្រប់គ្រង និងដំណើរការវិទ្យាល័យ ជា ចាន់តូ បាន។
សម្រាប់អត្ថប្រយោជន៍ទទួលបាន រួមមាន៖ ប្រាក់ខែចាប់ពី $1,800 – $2,200, ទទួលបានវីឡាស្នាក់នៅ និងអាហារប្រចាំថ្ងៃ, ការគាំទ្រផ្សេងៗពីកន្លែងធ្វើការ និងទទួលបានសេវា ប.ស.ស, ឱកាសក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ។
ប្រសិនបើអ្នកចាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យដោយផ្ញើរ Resume និង Cover Letter មកកាន់ Email: [email protected]។ ផុតកំណត់ដាក់ពាក្យ ៖ ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្រាប់ពត៌មានបន្ថែមសូមទាក់ទងតាមរយៈអ៊ីម៉ែល៖ [email protected]។
គួររំឭកថា តំណាងរាស្ត្រខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា លោក ជា ចាន់តូ បានទទួលមរណភាពនៅថ្ងៃវេលាម៉ោង ១០៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
លោក ជា ចាន់តូ បានកាន់តំណែងជាអគ្គទេសាភិបាល ធនាគារជាតិកម្ពុជា រយៈពេល២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រតែងតាំងជា អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈដែលកូនស្រីរបស់លោកគឺ លោកជំទាវបណ្ឌិត ជា សេរី ត្រូវបានព្រះមហាក្សត្រតែងតាំងជា ទេសាភិបាល ធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី៕




