លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្តាប្រទេសនានាមកវិនិយោគលើវិស័យធំៗចំនួន៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

ថ្លែងក្នុងវេទិកាវិនិយោគពេលអនាគត (FIC) រៀបចំដោយអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាសូមបន្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនចិន និងវិនិយោគិននៃបណ្ដាប្រទេសនានាផ្សេងទៀតក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនមានជាអាទិ៍ វិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថលជាដើម។
ជាមួយគ្នានេះ លោក ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វេទិកានេះបានប្រមូលផ្ដុំដោយថ្នាក់ដឹកនាំពីប្រទេសជាច្រើនជុំវិញពិភពលោក វិនិយោគិន និងអ្នកច្នៃប្រឌិតជាច្រើនរូប ដើម្បីផ្លាស់ប្តូរទៅវិញទៅនូវការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ វេទិកានេះបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

តាមរយៈវេទិកានោះដែរ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកម្ពុជា ដោយហេតុថាកម្ពុជាបានផ្តល់ឱកាសវិនិយោគជាច្រើនដោយផ្អែកលើសក្ដានុពលដែលអាចផ្ដល់ជូន។ សក្ដានុពលទាំងនោះមានជាអាទិ៍ ទីតាំងយុទ្ធសាស្ត្រចំបេះដូងនៃតំបន់អាស៊ានតភ្ជាប់ខ្វាត់ខ្វែងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងផ្លូវអាកាស, បរិយាកាសវិនិយោគបើកចំហ និងប្រកួតប្រជែង, កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត, ទីផ្សារទូលំទូលាយ តាមរយៈសមាជិកភាពនៃអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌនានាផ្សេងទៀត, ពិសេសមានរដ្ឋាភិបាលគាំទ្រដល់ភាពរីកលូតលាស់របស់វិនិយោគិន។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងធ្វើឱ្យស៊ីជម្រៅលើការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផងដែរ៕ អត្ថបទ៖ហ្សាលីន


