ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរ ដែលមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកដើរលេងកម្សាន្តនៅភ្នំពេញមានចំនួនជាង ៤លាន ៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ប្រកបដោយសុខសុវត្ថិភាព។


លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ថា នៅតាមទីតាំងរៀបចំទាំង៦ ទីតាំង និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា សម្រាប់រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំពោលថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០២៦គឺថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣ មានចំនួន ១,៨២៧,៩៩០នាក់ ។
លោកស្រី បន្តទៀតថា នេះបានបង្ហាញឱ្យឃើញថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ បានផ្តល់ភាពសប្បាយរីករាយ និងកក់ក្តៅលើសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពជូនពលរដ្ឋយ៉ាងល្អប្រសើរ៕






