រដ្ឋាភិបាល គ្រោងនឹងចាត់មន្ត្រីជំនាញដើម្បីចុះបណ្តុះបណ្តាលពីនីតិវិធីចុះបញ្ជីវិនិយោគឱ្យបានត្រឹមត្រូវ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត គ្រោងចាត់មន្ត្រីជំនាញដើម្បីចុះបណ្តុះបណ្តាលពីនីតិវិធីចុះបញ្ជីវិនិយោគឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ថ្នាក់ក្រោមជាតិ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានគូសបញ្ជាក់នៅក្នុងអង្គសន្និបាត និងបានផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដើម្បីជាវិភាគទានក្នុងការកំណត់ទិសដៅការងារ ឆ្នាំ២០២៦ រួមានដូចតទៅ៖ ១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ២.ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ៣.ការគ្រប់គ្រងរដ្ឋបាលដែនដី, ៤.ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ៥.ការអភិវឌ្ឍមូលដ្ឋាន, និង ៦.ការពង្រឹងរបៀបរបបការងារ។

ទន្ទឹមគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ឆ្លើយទីនឹងសំណូមពររបស់រដ្ឋបាលរាជធានីភ្នំពេញ លើការងារពាក់ព័ន្ធនឹងការវិនិយោគឯកជន ដោយបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលការធ្វើនីតិវិធី គឺប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ (ប្រព័ន្ធ cdcIPM) សម្រាប់ដំណើរការនីតិវិធីចុះបញ្ជីវិនិយោគ។ឯកឧត្តមថា ដើម្បីសម្រួលការងារនេះ អនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត គ្រោងនឹងចាត់មន្ត្រីជំនាញដើម្បីចុះបណ្តុះបណ្តាលពីនីតិវិធីចុះបញ្ជី ឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់ប្រព័ន្ធនេះ ឱ្យមានប្រសិទ្ធភាព នៅថ្នាក់ក្រោមជាតិផងដែរ ។

តាមរយៈពិធីបិទសន្និបាតនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា រដ្ឋបាលរាជធានីភ្នំពេញនឹងសម្រេចបាននូវទិសដៅការងារឆ្នាំ២០២៦ បង្កើតជាសមិទ្ធផលថ្មីៗថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ជូនជាតិ និងប្រជាជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕អត្ថបទ៖ហ្សាលីន