ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានលើសពី ១ពាន់លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានលើសពី ១ពាន់លានដុល្លារអាម៉េរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាថា នឹងរួមគ្នាជំរុញ និងពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងបន្ថែមថា ក្នុងជំនួបនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដោយក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានលើសពី ១ពាន់លានដុល្លារអាម៉េរិក។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាព ដើម្បីរួមគ្នាក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ជាពិសេសក្នុងវិស័យហាឡាលផងដែរ។

សូមរម្លឹកដែរថា ក្រៅពីប្រទេសម៉ាឡេស៊ី ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជាសម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក៕អត្ថបទ៖ហ្សាលីន