ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីផ្នែកកសិកម្ម ចាប់អារម្មណ៍ចង់ដាក់ទុនវិយោគ លើវិស័យកសិកម្មនៅខេត្តតាកែវ រួមមាន ដំណាំហូបផ្លែជាច្រើនមុខ ដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប និងដៃគូរសហការជាច្រើន នៅលើសកលលោក។

នេះបើតាមរយៈកិច្ចសំណេះសំណាល រវាង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
តាមមន្ទីរព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា ខេត្តតាកែវ ជាខេត្តផលិតស្រូវធំជាងគេលំដាប់លេខ ៣ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តបាត់ដំបង ផ្ទៃដីកសិកម្មសរុបចំនួន ២៦៤,០០០ហិកតា។

លោកអភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅខេត្តតាកែវ ក៏មានការចិញ្ចឹមសត្វ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោ១១កន្លែង (គោទឹកដោះ១កន្លែង) កសិដ្ឋានចិញ្ចឹមជ្រូក ៥៨ កន្លែង កសិដ្ឋានចិញ្ចឹមបក្សី ៣៥ កន្លែង ឡភ្ញាស់ពងទា ៧៤ឡ (ស្រែរនោង២៤ឡ) ។ ខេត្តតាកែវ ក៏មានផលិតផលកសិកម្មល្បីឈ្មោះចំនួន ០២ គឺ បង្កងទឹកសាប និងពងទាកូន ក្នុងនោះ បង្កងទឹកសាប ត្រូវបានចុះបញ្ជីម៉ាសសម្គាល់ភូមិសាស្ត្រទំនិញ។
គួរឱ្យដឹងដែរថា តំណាងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី នឹងដឹកនាំក្រុមការងារជំនាញរបស់ ក្រុមហ៊ុនចុះមកពិនិត្យផ្ទាល់ ដើម្បីត្រៀមរៀបចំ បណ្ដាក់ទុននៅភូមិសាស្រ្តខេត្តតាកែវ នាពេលឆាប់ៗខាងមុខនេះ៕

