ភូមិចំនួន៥១ បានទទួលផ្កាយជាប់ជា “ភូមិគំរូ” នៅទូទាំង ២៥រាជធានី-ខេត្ត​ សម្រាប់ឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអភិវឌ្ឍន៍ជនបទ បានជ្រើសរើសនិងគាំទ្រការអភិវឌ្ឍ “ភូមិគំរូ” សរុបចំនួន ៥១ភូមិ នៅទូទាំង ២៥រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៥។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ “ភូមិគំរូ” ទាំង៥១នេះ នឹងត្រូវរៀបចំនាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍វឌ្ឍនភាពរបស់ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព “ភូមិគំរូ” និងការរៀបចំពិធីប្រកាសទទួលស្គាល់ “ភូមិគំរូ” សម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី២២ ខែមករា ដឹកនាំដោយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានជ្រើសរើសនិងគាំទ្រការអភិវឌ្ឍ “ភូមិគំរូ” សរុបចំនួន ៥១ភូមិ នៅទូទាំង ២៥រាជធានី-ខេត្ត។

ជាលទ្ធផលនៃការវាយតម្លៃ មាន “ភូមិគំរូ” ទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ ៣ មានចំនួន ៦ភូមិ, “ភូមិគំរូ” ទទួលចំណាត់ថ្នាក់កម្រិតផ្កាយ ២ មានចំនួន ៣៥ភូមិ និង “ភូមិគំរូ” ទទួលចំណាត់ថ្នាក់កម្រិតផ្កាយ ១  មានចំនួន ១០ភូមិ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបាននូវលទ្ធផលការងារតាមផែនការដែលបានគ្រោងទុក ជាពិសេសការសម្រេចបានជោគជ័យនៃការអភិវឌ្ឍ “ភូមិគំរូ” ទាំង ៥១ភូមិខាងលើនេះ។

លោកលើកឡើងថា ដើម្បីចូលរួមសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ទិសដៅការងារដើម្បីអភិវឌ្ឍសហគមន៍នៅតំបន់ជនបទ ឱ្យក្លាយជា “ភូមិគំរូ” ឬ “ភូមិគំរូគន្លឹះ” សរុបចំនួន ២៣០ភូមិ នៅត្រឹមឆ្នាំ២០២៨ ដែលតាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះនេះ នឹងអាចផ្ដល់ផលប្រយោជន៍ឬផលជះជាវិជ្ជមានដល់ភូមិដទៃទៀតដែលនៅជុំវិញ។

សូមជម្រាបថា ការជំរុញចលនាអភិវឌ្ឍន៍ «ភូមិគំរូគន្លឹះ» នេះ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិនិងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិ ដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិ ដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូឱ្យបានចំនួន ៥០ភូមិ ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យចំនួនភូមិគំរូ កើនឡើងដល់ចំនួន ២៦៤ភូមិ នៅត្រឹមឆ្នាំ២០២៨៕