វិទ្យាស្ថាន វីលៀម អាងលីស (William Angliss Institute) ដែលជាមជ្ឈមណ្ឌលឯកទេសធំបំផុតនៅប្រទេសអូស្ត្រាលី បានប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។

នេះបើតាមរយៈជំនួប រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Wayne Crosbie នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស និងសហការី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសជំនួបនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងអំណរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ) នាពេលកន្លងមក។

លោក Wayne Crosbie ក៏បានលើកឡើងនូវបញ្ហាប្រឈម និងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនជូនក្រសួងទេសចរណ៍ ដើម្បីជាធាតុចូលបន្ថែមក្នុងការដាក់ឱ្យអនុវត្តសាលាវិជ្ជាជីវៈទេសចរណ៍នាពេលខាងមុខ។
គូសបញ្ជាក់ផងដែរថា វិទ្យាស្ថាន វីលៀម អាងលីស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤០។ វិទ្យាស្ថាន វីលៀម អាងលីស គឺជាមជ្ឈមណ្ឌលឯកទេសធំបំផុតនៅប្រទេសអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ បដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានទទួលស្គាល់ជាវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលឯកទេស ដែលផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជាង ១៤៣ កម្មវិធី៕


