សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្ដូងទឹកចំនួន ១២៥អណ្ដូង បន្ថែមទៀត ជូនដល់អតីតយុទ្ធជន និងនិវត្តជន។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមានប្រសាសន៍សំណេះសំណាលប្រកបដោយការនឹករលឹកជាមួយអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្ដូងទឹកចំនួន ១២៥អណ្ដូង បន្ថែមទៀត ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយ ដែលទើបចូលរស់នៅនានាពេលថ្មីៗនេះ។ ជាមួយគ្នានោះ សម្ដេចប្រធាន ក៏បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ការរៀបចំដាំដុះបន្លែបង្កា និងការចិញ្ជឹមសត្វ តាមខ្នងផ្ទះជាក់ស្តែងផងដែរ។

សូមជម្រាបដែរថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយ ដែលមានផ្ទៃដីសរុប ១ ១៣០ហិកតា ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិមុនបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីចែកដី និងលំនៅដ្ឋានជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។ បច្ចុប្បន្ននៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានខ្នងផ្ទះសរុបចំនួន ៩២០ខ្នងផ្ទះ ហើយរាជរដ្ឋាភិបាលក្នុងនីតិកាលបច្ចុប្បន្ន បាននិងកំពុងបន្តកិច្ចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើជូននូវសេវាសាធារណៈចាំបាច់ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹកស្អាត បណ្តាញអគ្គីសនី ដើម្បីឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយវិបុលភាព។

បើតាមលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងដែរថា ក្រសួងបាននិងកំពុងចូលរួមអភិវឌ្ឍនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទមានប្រវែងសរុប ៥៩,៥០គ.ម. ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតមកដល់បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទបានស្ថាបនារួចនូវផ្លូវប្រវែង ៣២,១គ.ម. លូមូលគ្រប់ប្រភេទចំនួន ៤៥កន្លែង លូប្រអប់ចំនួន ២២កន្លែង និងទំនប់បង្ហៀរទឹក ១កន្លែ ហើយក្នុងឆ្នាំ២០២៦ នេះ ក្រសួងគ្រោងស្ថាបនាផ្លូវ ១កំណាក់ ប្រវែង ៥.១គ.ម. បន្ថែមទៀតផងដែរ។ ដោយឡែកផ្លូវដែលនៅសល់ ក្រសួងគ្រោងនឹងធ្វើការស្ថាបនានៅក្នុងផែនការឆ្នាំបន្តបន្ទាប់ទៀត៕ អត្ថបទ៖ហ្សាលីន



