រាជរដ្ឋាភិបាល បានសម្រេចបន្តពន្យារពេលលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍លេខ ១៤៨ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សាយចេញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ព្រឹត្តិបត្រព័ត៌មាន បានឱ្យដឹងបន្តថា យោងតាមសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជណ.អពដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងបន្តជួយដល់វិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តពន្យារពេល លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃ ក្រោម ឬស្មើ ឬលើស ៧ ម៉ឺនដុល្លារ និង ២១ ម៉ឺនដុល្លារ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១. បន្តពន្យារពេលអនុវត្តសេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការលើកលែងនិងអនុគ្រោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ក្នុងឆ្នាំ២០២៦ ក៏ទទួលបានការលើកលែងនិងអនុគ្រោះ ដូចមានកំណត់ក្នុងចំណុច ខ នៃសេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ។
២. បន្តពន្យារពេលអនុវត្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចមានកំណត់ក្នុងចំណុច ១ នៃ សេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះ វិស័យអចលនទ្រព្យ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ៕ អត្ថបទ៖ហ្សាលីន

