លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ថា បន្តជាស្ពានចម្លងដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីជាបន្តទៀត។

លោក Santo Darmosumarto ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ជាការឆ្លើយតប អគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកបានបញ្ជាក់ថា ទោះបីជាត្រូវបញ្ចប់អាណត្តិ ប៉ុន្តែលោកនឹងនៅតែបន្តជាស្ពានចម្លងដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីជាបន្តទៀត។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សា និងរំលេចនូវសមិទ្ធផលសំខាន់ៗមួយចំនួន រួមមាន ការតភ្ជាប់ទំនាក់ទំនងធុរកិច្ច បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលដល់ការស្វែងយល់ពីសក្តានុពលវិនិយោគ និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកអាជីវកម្មនៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន


