ក្នុងរយៈពេល១ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥ ៧៨៤ តោន ទៅកាន់គោលដៅចំនួន ៤៥ ប្រទេស ដោយគិតជាទឹកប្រាក់បានចំនួន ៧០.៩៣ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០២៦។

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ដែរថា ក្នុងរយៈពេល១ខែនៃឆ្នាំ២០២៦ បាននាំចេញអង្ករទៅកាន់ ៤៥ ប្រទេសដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ បានបរិមាណអង្ករចំនួន ៣៨ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៦.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៥ ៤១៦ តោន គិតជាទឹកប្រាក់ចំនួន ១៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤២ ០៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៨.៧៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ១០ ១១៥ តោន គិតជាទឹកប្រាក់ចំនួន ៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបដែរថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៦.៣១% ប្រភេទអង្ករសគ្រាប់វែង ០.១១% អង្ករចំហុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៥% អង្ករបាក់គ្រប់ប្រភេទ ២៥.៩៤% និងអង្ករផ្សេងៗចំនួន ៥.២៤%៕ អត្ថបទ៖ ហ្សាលីន


