ត្រឹមខែ កុម្ភៈ ឆ្នាំ២០២៦៖ ស្ពានឆ្លងទន្លេមេគង្គ ភ្ជាប់ពីដីឥដ្ឋ ទៅថ្មគរ សង់បានជិត៤០ % ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល គិតត្រឹមខែ គុម្ភៈ ឆ្នាំ២០២៦  ស្ពាននេះ សង់សម្រេចបានជិត៤០ % ហើយ។នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។

ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ ក៏បានសន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារ ឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។ គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។

ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ៕ អត្ថបទ៖ ហ្សាលីន