សម្តេចធិបតី៖ ៣៣ឆ្នាំមកនេះ កម្ពុជា បានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៣៣ឆ្នាំកន្លងមកនេះ កម្ពុជា បានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសារលិខិតរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» ដែលផ្សាយចេញនៅថ្ងៃទី២៣ ខែគុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងសាលិខិតនោះ បានបង្ហាញថា «រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម»។ នេះបើតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦។

តាមរយៈសំណេរ ក្នុងសារលិខិតប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ដែលបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ កម្ពុជាក៏បានក្លាយជាប្រទេសឈានមុខគេ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពមីនសកល ក្នុងនោះផងដែរ ក្នុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន» ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សូមជម្រាបដែរថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាម ជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំង រក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាពផងដែរ៕ អត្ថបទ៖ ហ្សាលីន