ក្រុមហ៊ុន Cambodia Life និងក្រុមហ៊ុន Confirel Co., Ltd. បាននាំយកផលិតផលខ្មែរ គឺ ម្រេច និងស្ករត្នោតខ្មែរ ទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសជប៉ុន ដើម្បីជំរុញទីផ្សារផលិតផលកម្ពុជាឱ្យកាន់តែទូលាយ។

លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្របសម្រួល និងចូលរួមគាំទ្រការចូលរួមរបស់ក្រុមហ៊ុនទាំង២ខាងលើ បានដាក់តាំងបង្ហាញផលិតផលខ្មែរ នៅក្នុងកម្មពិធីពិព័រណ៍ពាណិជ្ជកម្ម “The 60th Supermarket Trade Show 2026 (SMTS2026)” ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Makuhari Messe ខេត្តឈិបាក់ ប្រទេសជប៉ុន។
ពិព័រណ៍នេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសជប៉ុន សម្រាប់ឧស្សាហកម្មចែកចាយលក់ដុំ និងលក់រាយ ដោយផ្តោតលើម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍហាង និងការផ្សព្វផ្សាយការលក់ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន១៥ រួមទាំងកម្ពុជា ជាមួយនឹងស្តង់ប្រមាណជាង ៣០០០ និងអ្នកតាំងពិព័រណ៍សរុបជិត ២៣០០ក្រុមហ៊ុន ចូលរួមតាំងបង្ហាញនូវផលិតផលរបស់ខ្លួន ដើម្បីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច ជំរុញទីផ្សារផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសជប៉ុន។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រុមហ៊ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life សហការជាមួយដៃគូក្រុមហ៊ុន Confirel បានរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ ដោយផ្តោតជាពិសេសលើផលិតផលដែលមានគុណភាពខ្ពស់ រួមមាន៖ ម្រេច ស្ករត្នោត និងកាហ្វេ។
ក្នុងឱកាសនោះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានសម្របសម្រួលឱ្យមានជំនួបផ្គូផ្គងពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងបី ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូហ្គិ ដើម្បីពីភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក្នុងទិសដៅរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរបន្ថែមទៀត នៅក្នុងប្រទេសជប៉ុន។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនជប៉ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life បាននាំយកផលិតផលខ្មែរ ចំនួនពីរមុខ គឺម្រេច និងស្ករត្នោត (ក្រុមហ៊ុនទាំង២ ក៏មានគម្រោងនាំយកផលិតផលខ្មែរជាច្រើនទៀត ជាពិសេសកាហ្វេ ស្រាទឹកត្នោត និងគ្រឿងទេសផ្សំម្ហូបខ្មែរ) ដែលជាផលិតផលរបស់ក្រុមហ៊ុន Confirel មកផ្សព្វផ្សាយ និងចែកចាយលក់នៅក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ ផលិតផលទាំងពីរនេះ មានដាក់លក់នៅទីផ្សារ AEON ប្រមាណ ១២០ហាង ក្នុងប្រទេសជប៉ុន ក្នុងនោះមាន ៤០ទីតាំង នៅក្នុងទីក្រុងតូក្យូ ផងដែរ៕ អត្ថបទ៖ហ្សាលីន



