បារាំង ត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា ដើម្បីដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ ខណៈ បារាំងក៏ត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា ដើម្បីដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

នាឱកាសនោះ លោកស្រី ឃួន សុដារី បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូបារាំង ខណៈលោកស្រីបានគូសបញ្ជាក់ថាបារំាងជាមិត្តចាស់ មិត្តដែលទុកចិត្ត ជឿជាក់ និងបានផ្តល់ផលប្រយោជន៏ទៅវិញទៅមក ហើយទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។

ប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចនិងជាប្រទេសឆ្លងកាត់សង្រ្គាម ត្រូវការសន្តិភាពមិនត្រូវការសង្រ្គាមនោះទេ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្តរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។

ជាការឆ្លយតប លោកប្រធានគណៈប្រតិភូបារាំង បានសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ហើយភាគីបារំាងបានត្រៀមជាស្រេចនៅក្នុងការគំាទ្រដល់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ។ ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃវិញ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ រដ្ឋសភាកម្ពុជា ក៏បានស្នើសុំភាគីបារំាង ជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បន្ថែមទៀតមកកម្ពុជា ពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់ បារំាង-កម្ពុជា ឡើងវិញ ផងដែរ៕ អត្ថបទ៖ ហ្សាលីន