កម្ពុជា-បារាំង ឯកភាពជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទំនាក់ទំនងរវាងកម្ពុជានិង បារាំងឱ្យកាន់តែរីកចម្រើន។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក Thomas Lam តំណាងប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ សម្ដេចតេជោ ក៏ជំរុញឱ្យកម្ពុជា-បារាំង បន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
ជាការឆ្លើយតប លោក Thomas Lam បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង ហើយលោកក៏បានរំលេចថា លោកនឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ហើយលោកបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជាផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ប្រតិភូបារាំងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងត្រៀមទទួលលោកប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ៕ អត្ថបទ៖ ហ្សាលីន


