អន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកចូលរួមអនុវត្តគោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋាន IDP សរុបប្រមាណ ៨០នាក់ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមនៃរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP)។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យនិងស្នើសុំការពន្យល់បន្ថែមលើចំណុចមួយចំនួនពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មុននឹងលេខាធិការដ្ឋានយកទៅរៀបចំតាក់តែងសេចក្តីព្រាងបឋមរបាយការណ៍។

នាឱកាសនោះ លោក នុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំ បានឱ្យដឹងថា យោងតាមការណែនាំក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋាន IDP ត្រូវរៀបចំរបាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិនៃការអនុវត្ត។
ក្នុងន័យនេះ លោកថា ទិសដៅការងារសំខាន់ៗរបស់លេខាធិការដ្ឋាន IDP ដែលត្រូវបំពេញជាបន្តបន្ទាប់ ដូចជា ការបញ្ចប់ការរៀបចំសេចក្ដីព្រាងបឋមរបាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ក្នុងដើមខែមេសា ឆ្នាំ២០២៦, ការរៀបចំកិច្ចប្រជុំអន្តរក្រសួងក្នុងខែឧសភា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាងបឋមរបាយការណ៍, ការបញ្ជូនសេចក្ដីព្រាងរបាយការណ៍នេះទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅដើមខែមិថុនា ឆ្នាំ២០២៦, និងការស្នើដាក់សេចក្តីព្រាងរបាយការណ៍ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញស្តីពីលទ្ធផលវិភាគបឋមសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដោយក្រុមការងារលេខាធិការដ្ឋាន IDP អង្គប្រជុំបានធ្វើការ៖ ១.ពិនិត្យ និងស្រាយបំភ្លឺលើទិន្នន័យមួយចំនួននៃសូចនាករសមិទ្ធកម្មគន្លឹះកម្រិតយុទ្ធសាស្ត្រ និងវិស័យ, ២.ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង ស្ថាប័នមួយចំនួនដែលបាននិងកំពុងអនុវត្ត និង ៣.ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាពនៃយន្តការស្ថាប័នរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេលអនុវត្ត១០ឆ្នាំកន្លងមក៕ អត្ថបទ៖ហ្សាលីន

