រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ដោយរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» រំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃការកម្ពុជា បានឱ្យដឹងថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិ ដ៏ឧត្តុង្គឧត្តម ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់ របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាពនិងបរិយាបន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារាចរ ស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ចុះថ្ងៃទី២៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណង៖ ១- លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។​ ២- បំផុសឱ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនចូលរួមជាកម្លាំងចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបាន ស្ថិតស្ថេរគង់វង្សនិងរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និង ជាតិពន្ធុ។

៣- បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផល វប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍។ ៤- លើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងវិស័យសិល្បៈ វប្បធម៌ ដើម្បីរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ៥- បំផុសគំនិតផ្តួចផ្តើមថ្មីៗ ដែលមានលក្ខណៈច្នៃប្រតិដ្ឋនិងនវានុវត្តន៍ រួមទាំងការប្រើប្រាស់បច្ចកវិទ្យា ឌីជីថល ដើម្បីបង្កើនភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការទទួលសេវានិងការចូលរួម ក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និង ជនមានពិការភាព ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»។ និងចំណុចទី៦- លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជន សំដៅលើកកម្ពស់ ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ និងរវាងប្រជាជាតិមួយនិងប្រជាជាតិមួយ ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព៕