ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រោយពីបានស្ដាប់ការបញ្ជាក់ពីលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.), លោកជំទាវ Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា Coordinator) បានតបវិញថា សន្តិភាពត្រូវតែថែរក្សា និងច្បាប់អន្តរជាតិត្រូវតែគោរព។

នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Andreeva កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦, លោក កែវ រ៉េមី បានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែន កម្ពុជា−ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាងពេញលេញជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរនៃការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការច្បាប់ដែលមានស្រាប់ ព្រមទាំងបន្តខិតខំការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាការឆ្លើយតប លោកជំទាវ Vladanka Andreeva បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជម្លោះ ដែលបានកើតឡើងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
លោកជំទាវបានគូសបញ្ជាក់ថា ជម្លោះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ហើយបានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និងច្បាប់អន្តរជាតិត្រូវតែគោរព។ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃលំហរស៊ីវិល និងតួនាទីរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ជាពិសេសអំឡុងពេលជនភៀសសឹកកំពុងត្រូវការការគាំពារយ៉ាងខ្លាំង។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ត ទុកដាក់ និងជឿជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាមួយអង្គការ សង្គមស៊ីវិល និងបានបើកចំហលំហរស៊ីវិល ឱ្យមានការចូលរួមយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់សិទ្ធិមនុស្ស៕



