ឯកឧត្តម ហ៊ុន ម៉ាណែត បង្ហាញទស្សនទាន៣ចំនុចធំៗ​ ដែលជំរុញឱ្យកម្ពុជាមានដូចសព្វថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហាញនូវទស្សនទាន៣ចំនុចធំៗ ដែលបានធ្វើឱ្យកម្ពុជា មានការរីកចំរើនដូចសព្វថ្ងៃនេះ ពិសេសបានជំរុញកម្ពុជាកាន់តែមានកិត្យានុភាពខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុង ពេលឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១, សង្កាត់លេខ៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហាញទស្សនទាន៣ចំនុចធំៗ ដែលធ្វើឱ្យកម្ពុជាមានដូចសព្វថ្ងៃនេះ ក្នុងនោះរួមមាន៖

១. សូមចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើន ក្នុងទីអារាមដែលត្រូវបានផ្តួចផ្តើមកសាងដោយព្រះបរមរតនកោដ្ឋក្នុងឆ្នាំ១៩៦២ និងបន្ទាប់មកត្រូវបានបំផ្លិចបំផ្លាញដោយរបបប៉ុលពត គឺដូចនឹងស្ថានភាពសោកនាដកម្មនៅទូទាំងប្រទេសក្នុងសម័យកាលដ៏ខ្មៅងងឹតនោះ។ ហើយចាប់ពីឆ្នាំ១៩៧៩ ទីអារាមនេះក៏ត្រូវបានកសាងទ្បើងវិញដោយការចូលរួមពីសំណាក់ព្រះសង្ឃ គណៈកម្មការ-អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ រួមជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិដ៏រឹងមាំ។

២. ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ដូចជាក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ហើយលើសពីនេះ គឺការធានាបាននូវនិរន្តភាពនៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍ គឺជាសមិទ្ធផលប្រកបសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។

៣. ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទនភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត តាមរយៈការបើកបង្ហាញនូវសាវតារ និងភាពរុងរឿងថ្កើងថ្កាននៃអរិយធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់សម័យកាលទំនើប ជូនដល់សាកលលោក។ សមិទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។

សូមជម្រាប់ដែរថា ព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងតែ​ធ្វើជា​ម្ចាស់​ផ្ទះ​នាពេល​នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកជំនាញជាច្រើន ពិសេសសារធារណជនទាំងជាតិ និងអន្តរជាតិ បានចាត់ទុកថា គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ដែលនឹងលើកមុខមាត់កម្ពុជា ឱ្យកាន់តែ​មាន​ភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិផងដែរ៕

អត្ថបទ៖  ពិសី