ទូតអូស្ត្រាលី៖​ នៅពេលនេះកម្ពុជាមានការរីកលូតលាស់​ និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស

សង្គម​និង​សេដ្ឋកិច្ច

លោក ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព លោក ចាស្ទីន ខេវិន វ៉ាយអេត បានគូសបញ្ជាក់ថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់​ និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស ហើយលោកក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏វៃឆ្លាត​របស់​សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក ការរៀបចំ និងដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅកម្ពុជា កាលពីឆ្នាំទៅ​ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទឺរ។

ក្នុងជំនួបនោះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅរកម្ពុជា​ លោក​នឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា​ឲ្យបានសម្រេចនូវគោលដៅ​ប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ការជួញ​ដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។ សម្ដេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា «ជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងជួយពីប្រទេសអូស្ត្រាលីទេ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត»៕